អត្តសញ្ញាណកម្មគ្រួសារក្រីក្រ(ID Poor) សម្រាប់កសិករ

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី ដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃកិច្ចគាំពារសង្គម ក្នុងមានគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងដល់ជនបង្គោលជាកសិកទាំងបុរស និងស្ត្រីសំខាន់ៗនៃក្រុមគោលដៅ ឲ្យពួកគេយល់ដឹងអំពីដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាពិសេសដើម្បីឲ្យអ្នកចូលរួមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវិភាគលើប័ណ្ណមូលនិធិសមធម៌ថែរទាំសុខភាពពាក់ព័ន្ធនឹងកសិករ ដោយហេតុកសិករក៏ជាផ្នែកមួយនៃក្របខណ្ឌគោលនយោបាយកិច្ចគាំពារសង្គមផងដែរ។ ម្យ៉ាងទៀតសិក្ខាសាលានេះរៀបចំឡើងក៏ដើម្បីចូលរួមក្នុងការកែលំអរបន្ថែមនៃដំណើការដោះស្រាយបញ្ហាសុខភាព ការថែទាំសុខភាពរបស់ស្ត្រី និងកុមារក្នុងការទទួលបានកម្មវិធីគ្របដណ្ដប់នៃកិច្ចគាំពារសង្គមរួមបញ្ចូលការផ្ទេរសាច់ប្រាក់ អាហាររូបករណ៍ ការផ្ដល់អាហាររូបត្ថម្ភ និងការកសាងសមត្ថភាព។ 

សិក្ខាសាលានេះរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរិ៍ ១២រោច ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមចំនួន ២៦នាក់ ក្នុងនោះមាន៤នាក់ជាស្ត្រី ដោយពួកគេមកពីខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង៕