ផ្តោតបញ្ហាស្រ្តីនៅតំបន់អាស៊ាន គាំពារសង្គម និងគាំពារគ្រួសារ

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងកិច្ចការនារី សហការជាមួយអង្គការអុកស្វាមនៅកម្ពុជា រៀបចំវេទិកាថ្នាក់ជាតិស្តីពី “ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ ក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ាន ក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀតដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេលអនាគតផងដែរ និងការបង្កើនការយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធការងារថែទាំគ្មានប្រាក់កម្រៃ និងការងារផ្ទះ និងគោលនយោ​បាយជាតិ​គាំពារសង្គម។ 

ថ្លែងបើកកម្មវីធីវេទិកាថ្នាក់ជាតិលោកជំទាវ អ៊ឹង កន្ថាផាវី  រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា៖« វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការចែករំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវព័ត៌មាន និងមតិយោបល់ សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ មករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅអនុវត្តបាននាពេលអនាគត ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ។»

ក្នុងបទអន្តរាគមន៍ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា ៖ «គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ មានសារៈសំខាន់ណាស់ ក្នុងការជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា ជាពិសេសក្នុងចំណោមពលរដ្ឋជាស្រ្តី។  វេទិកាថ្ងៃនេះឆ្លុះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងការចូលរួមចំណែករបស់ស្ថាប័ន នានា និងអង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ន នៅក្នុងប្រទេស និងក្នុងសហគមន៍អាស៊ាន។  អង្គការអុកស្វាម និងអង្គការដៃគូ នឹងបន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា និងសារៈសំខាន់នៃគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គមការដោះស្រាយ និងសក្តានុពលរបស់សហគ្រិន និងស្វ័យនិយោជន៍ជាស្ត្រី។ 

គួរបញ្ជាក់ថាវេទិកានេះមានអ្នកចូលរួមពីថ្នាក់ដឹកនាំ-តំណាង ក្រសួង-មន្ទីរ និងស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គទូត និងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហជីព សហគ្រិន និងស្វ័យនិយោជន៍ជាស្រ្តី និងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ២០០នាក់ និង៥០០នាក់ទៀតតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដែលកំពុងធ្វើការជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការផ្សព្វផ្សាយ និងពង្រឹងគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ននៅកម្ពុជា។ នៅក្នុងបណ្តាប្រទេសអាស៊ាន សហគ្រិនភាព គឺជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាស្នូលនៃសេដ្ឋកិច្ចជាតិ។ នៅទូទាំងតំបន់ សហគ្រាសធុនតូច និងមធ្យម បានរួមចំណែកដ៏ធំជាងគេនៃផលិតផលក្នុងស្រុក និងជាប្រភពដ៏ធំក្នុងការបង្កើតទីផ្សារការងារ។ សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងកែលម្អសុខុមាលភាពគ្រួសារនាពេលបច្ចុប្បន្ននេះ។ ទោះបីជាអត្រាអ្នកដែលបង្កើតការងារដោយខ្លួនឯង (ស្វ័យនិយោជន៍) មានកម្រិតខ្ពស់ ប៉ុន្តែអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីនៅមានតិចតួចជាងអាជីវកម្មដែលគ្រប់គ្រងដោយបុរស ទាំងទំហំអាជីវកម្ម​ និងផលិតភាព ហើយអាជីវកម្ម ឬ សហគ្រាសទាំងនោះ មាននិន្នាការទទួលបានប្រាក់ចំណេញតិច និងមានភាពងាយរងគ្រោះពីវិបត្តិសេដ្ឋកិច្ច ជាងសហគ្រាស ឬ អាជីវកម្មដែលកាន់កាប់ដោយបុរស។ ការងារថែទាំ និងការងារគ្មានប្រាក់កម្រៃបានកម្រិតនូវពេលវេលា និងកម្រិត​លទ្ធភាពរបស់ស្ត្រីក្នុងការបង្កើនជំនាញ ចំណេះដឹង ទំនាក់ទំនងនិងបណ្តាញការងារ ហើយប៉ះពាល់ដល់សក្តានុពលរបស់ស្ត្រីក្នុងការចាប់ផ្តើម ឬអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ 

ស្ត្រីមួយភាគធំត្រូវបានជំរុញឱ្យក្លាយជាសហគ្រិន (ស្វ័យនិយោជន៍) ដោយសារតែមិនសូវមានឱកាសការ ងារនៅក្នុងវិស័យផ្លូវការ​(ក្នុងប្រព័ន្ធ)។ ហេតុដូច្នេះការប្រកបរបរ ឬ អាជីវកម្មបែបស្វ័យនិយោជន៍ត្រូវបានស្ត្រីភាគច្រើនមើលឃើញថាជាជម្រើស ឬប្រភពសំខាន់តែមួយក្នុងការបង្កើតប្រាក់ចំណូលផង និងអាចរក្សាបាននូវតុល្យ ភាពពេលវេលារបស់ពួកគេទៅលើការងារថែទាំ និង ការបំពេញកាតព្វកិច្ចសម្រាប់គ្រួសារផង។